ព្រះត្រៃបិដក ភាគ ៣៨
[៣៦២] ម្នាលភិក្ខុទាំងឡាយ ចុះបទដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ម្នាលភិក្ខុទាំងឡាយ បទ គឺសទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺវីរិយិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺសតិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺសមាធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺបញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។
[៣៦៣] ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វ ដែលនៅលើផែនដី តែងប្រជុំចុះ ក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាមជើងសត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ បទទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ស្រេច លើបទ គឺបញ្ញិន្ទ្រិយ ប្រសើរជាងបទទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ ពួកក្លិនខ្លឹមឈើ ស្រេចលើក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមឈើទាំងអស់ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកខាងការត្រាស់ដឹង ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងធម៌ទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។
ID: 636852622299232951
ទៅកាន់ទំព័រ៖