ព្រះត្រៃបិដក ភាគ ៣៨
[៣៩២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែងកើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង។ ផល ៧ អានិសង្ស ៧ គឺអ្វីខ្លះ។ គឺបុគ្គលនោះ រមែងបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្ន បើមិនបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ ក៏គង់បានអរហត្តផល ក្នុងការទៀបស្លាប់ បើមិនបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ បើមិនបានអរហត្តផល ក្នុងកាលទៀបស្លាប់ទេ បុគ្គលនោះ ក៏គង់បានជាអន្តរាបរិនិព្វាយីបុគ្គល បានជាឧបហច្ចបរិនិព្វាយីបុគ្គល បានជាអសង្ខារបរិនិព្វាយិបុគ្គល បានជាសសង្ខារបរិនិព្វាយិបុគ្គល បានជាឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ព្រោះអស់ទៅ នៃសញ្ញោជនៈ ៥ ជាចំណែកខាងក្រោម។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែងកើតប្រាកដ ព្រោះតែបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង។
ID: 636852625746130102
ទៅកាន់ទំព័រ៖