ព្រះត្រៃបិដក ភាគ ៣៨
ពលសំយុត្ត
[៤២២] ម្នាលភិក្ខុទាំងឡាយ ពលៈទាំងឡាយនេះ មាន ៥។ ពលៈ ៥ គឺអ្វីខ្លះ។ គឺសទ្ធាពលៈ ១ វិរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៥ នេះឯង។
[៤២៣] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន នូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ។
[៤២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ចំរើននូវវិរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ។
ID: 636852630803929391
ទៅកាន់ទំព័រ៖