ព្រះត្រៃបិដក ភាគ ៣៨
[៣២] ព្រះដ៏មានព្រះភាគ ស្តេចទៅចាំវស្សា ក្នុងវេលុវគ្រាមនោះឯង។ គ្រានោះឯង កាលព្រះដ៏មានព្រះភាគ ស្តេចចូលទៅចាំវស្សាហើយ ព្រះអាពាធដ៏ក្លៀវក្លាកើតឡើយ វេទនាដ៏ខ្លាំង ស្ទើរតែនឹងមរណៈ ក៏ប្រព្រឹត្តទៅ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ មិនឲ្យវេទនាបៀតបៀនព្រះអង្គបាន។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះ ដូច្នេះថា តថាគត មិនប្រាប់ពួកឧបដ្ឋាក មិនលាភិក្ខុសង្ឃ ហើយបរិនិព្វាន ដោយមេត្តាចិត្តឯណា មេត្តាចិត្តនោះ មិនសមគួរឡើយ បើដូច្នោះ មានតែតថាគត បណ្តេញអាពាធនេះចេញ ដោយវិរិយៈ ហើយអធិដ្ឋានជីវិតសង្ខារទុក។ ទើបព្រះដ៏មានព្រះភាគ ទ្រង់បណ្តេញព្រះអាពាធនោះចេញ ដោយវិរិយៈ ហើយទ្រង់អធិដ្ឋានជីវិតសង្ខារទុក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បានសះស្បើយ ចាកព្រះអាពាធ លុះទ្រង់សះស្បើយ ចាកព្រះអាពាធ មិនយូរប៉ុន្មាន ក៏ស្តេចមកគង់លើអាសនៈ ដែលគេក្រាលថ្វាយ ក្នុងម្លប់ខាងក្រោយវិហារ។
ID: 636852239773203713
ទៅកាន់ទំព័រ៖