ព្រះត្រៃបិដក ភាគ ៣៨
ទ្រង់ចំរើននូវពោជ្ឈង្គទាំង ៧ ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត យ៉ាងនោះឯង។
[៥៥] ម្នាលសារីបុត្ត ត្រូវណាស់ហើយ ម្នាលសារីបុត្ត ព្រោះហេតុនោះ អ្នកគប្បីពោល នូវធម្មបរិយាយនេះ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ឲ្យរឿយៗចុះ។ ម្នាលសារីបុត្ត ព្រោះថា សេចក្តីងឿងឆ្ងល់ ឬសេចក្តីសង្ស័យ ក្នុងព្រះតថាគត នឹងមានដល់មោឃបុរសឯណា មោឃបុរសទាំងនោះ បានស្តាប់នូវធម្មបរិយាយនេះហើយ មុខជានឹងលះបង់ នូវសេចក្តីងឿងឆ្ងល់ ឬសេចក្តីសង្ស័យ ក្នុងព្រះតថាគតចេញបាន។
[៥៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ មានអាពាធ មានសេចក្តីទុក្ខ មានជម្ងឺធ្ងន់ នៅក្នុងស្រុកនាឡកៈ ក្នុងដែនមគធៈ។ មានសាមណេរ ឈ្មោះចុន្ទ ជាឧបដ្ឋាក របស់ព្រះសារីបុត្តដ៏មានអាយុ។ គ្រានោះឯង ព្រះសារីបុត្ត ក៏បរិនិព្វាន ដោយអាពាធនោះ។
ID: 636852244395118072
ទៅកាន់ទំព័រ៖