ព្រះត្រៃបិដក ភាគ ៣៨

 [​៦៤​]​ ​កាលដែល​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​(​១​)​ ​បរិនិព្វាន​ទៅ​ហើយ​មិនយូរ​ប៉ុន្មាន​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ទៀប​ឆ្នេរ​ស្ទឹង​គង្គា​ ​ជិត​ក្រុង​ឧក្ក​ចេ​លា​ ​នា​ដែន​វជ្ជី​ ​ជាមួយ​និង​ភិក្ខុសង្ឃ​ច្រើន​រូប​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​ទ្រង់​គង់នៅ​ក្នុង​ទីវាល​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ក្រឡេក​មើលទៅ​ភិក្ខុសង្ឃ​ ​នៅ​ស្ងៀម​ហើយ​ ​ក៏​ទ្រង់​ត្រាស់​ទៅ​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​មិនទាន់​បរិនិព្វាន​នៅឡើយ​ ​ក៏​បរិសទ្យ​នេះឯង​ ​ប្រាកដ​ហាក់ដូចជា​សូន្យ​ ​ដល់​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​នៅក្នុង​ទិស​ឯណា​ ​ទិស​នោះ​មិន​សូន្យ​ ​ដល់​តថាគត​ទេ​ ​ទាំង​សេចក្តី​មិន​ព្រួយបារម្ភ​ ​(​របស់​តថាគត​)​ ​ក៏​មាន​ក្នុង​ទិស​នោះ​។​
​(​១​)​ ​ព្រះ​ថេរៈ​ទាំងពីរ​អង្គ​នេះ​ ​បរិនិព្វាន​ ​ក្នុង​ខែកត្តិក​ជាមួយគ្នា​ ​ផ្សេងគ្នា​តែ​មុន​និង​ក្រោយ​ ​គឺ​ព្រះ​សារីបុត្ត​បរិនិព្វាន​ ​ក្នុង​ថ្ងៃ​ ​១៥​ ​កើត​ ​ខែកត្តិក​ ​ព្រះ​មហា​មោគ្គលា្លន​ ​បរិនិព្វាន​ ​ក្នុង​ថ្ងៃ​ ​១៥​ ​រោច​ ​ខែកត្តិក​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636852245914894998
ទៅកាន់ទំព័រ៖