ព្រះត្រៃបិដក ភាគ ៣៨
[១០៦] និទានដដែលនោះឯង។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា
[១០៧] ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា អសេក្ខៈ អសេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះអសេក្ខៈ តើដូចម្តេច។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា អសេក្ខៈ ព្រោះបានចំរើននូវសេចក្តីសម្រេច
(១) នៃសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា អសេក្ខៈ ព្រោះបានចំរើន នូវសេចក្តីសម្រេច នៃសតិប្បដ្ឋាន ៤ នេះឯង។
(១) សតិប្បដ្ឋាន ដែលភិក្ខុចំរើនបានសម្រេច ដល់អរហត្តផល ហៅថា ចំរើននូវសេចក្តីសម្រេច។ (សមត្តាភាវនា) អដ្ឋកថា។
ID: 636852253423864486
ទៅកាន់ទំព័រ៖