ព្រះត្រៃបិដក ភាគ ៣៩
ម្នាលអានន្ទ ឧបាសកឈ្មោះ កដិស្សហៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ តុដ្ឋៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ សន្តុដ្ឋៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ ភទ្ទៈ។ ម្នាលអានន្ទ ឧបាសកឈ្មោះ សុភទ្ទៈ ធ្វើមរណកាលទៅហើយ បានជាឱបបាតិកៈ រលត់អស់ក្នុងទីនោះ មានសភាព ជាអ្នកមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ (ឧបាសកទាំងអស់ បណ្ឌិតគប្បីធ្វើថា មានគតិតែមួយ)។
[១៧៩] ម្នាលអានន្ទ ពួកឧបាសកច្រើនជាង ៥០ នាក់ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅ បានជាឱបបាតិកៈ រលត់អស់ទៅក្នុងទីនោះ មានសភាព ជាអ្នកមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ ម្នាលអានន្ទ ពួកឧបាសកច្រើនជាង ៩០ នាក់ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅហើយ បានដល់សកទាគាមី មកកាន់លោកនេះ អស់វារៈម្ដងទៀត ទើបធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបាន ព្រោះស្រាលស្ដើង នៃរាគៈ ទោសៈ និងមោហៈ ព្រោះអស់ទៅ នៃសញ្ញោជនៈ ទាំង ៣។ ម្នាលអានន្ទ ពួកឧបាសក ៥០៦ នាក់ ក្នុងស្រុកញាតិកៈ ធ្វើមរណកាលទៅហើយ បានដល់សោតៈ មានសភាព ជាអ្នកមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅ នៃសញ្ញោជនៈ ៣។
ID: 636852920891401446
ទៅកាន់ទំព័រ៖