ព្រះត្រៃបិដក ភាគ ៣៩
លុះចូលទៅដល់ ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មាអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា
[២០៣] ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺ សុគតិ ស្ថានសួគ៌។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។ បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈយ៉ាងនេះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងលោក គឺសុគតិ ស្ថានសួគ៌។
ID: 636852925074630713
ទៅកាន់ទំព័រ៖