ព្រះត្រៃបិដក ភាគ ៣៩
ចំណែកចិត្តណា ដែលបុគ្គលនោះ អប់រំហើយដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចិត្តនោះ តែងអណ្ដែតខ្ពស់ឡើង ដល់នូវភាពជាចិត្តវិសេស។
[២១០] បពិត្រព្រះមហានាម ដូចបុរសចុះទៅកាន់អន្លង់ទឹកដ៏ជ្រៅ ហើយវាយបំបែក នូវឆ្នាំងសប្បិ ឬឆ្នាំងប្រេង ក្រួស ឬអំបែងឯណា ដែលមានក្នុងឆ្នាំងនោះ គ្រោះឬអំបែងនោះ តែងលិចចុះក្រោម ចំណែកសប្បិ ឬប្រេងឯណា ដែលមានក្នុងឆ្នាំងនោះ សប្បិ ឬប្រេងនោះ តែងអណ្ដែតឡើងលើ ដល់នូវភាពជាវត្ថុវិសេស ដូចម្ដេចមិញ ។ បពិត្រព្រះមហានាម ចិត្តដែលបុគ្គលណាមួយ បានអប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចំណែកកាយឯណា របស់បុគ្គលនោះ មានរូបជាទីប្រជុំ នៃមហាភូតទាំង ៤ កើតមកអំពីមាតា និងបិតា ចំរើនឡើងដោយបាយ និងនំកុម្មាស មានការមិនទៀង ការដុសលាង ការគក់ច្របាច់ ការបែកធ្លាយ និងការរាត់រាយទៅ ជាធម្មតា ក្អែកទាំងឡាយ តែងចឹកស៊ីខ្លះ ត្មាតទាំងឡាយ តែងចឹកស៊ីខ្លះ ត្រដក់ទាំងឡាយ តែងចឹកស៊ីខ្លះ សុនខទាំងឡាយ តែងទំពាស៊ីខ្លះ ចចកទាំងឡាយ តែងទំពាស៊ីខ្លះ បាណកជាតិទាំងឡាយផ្សេងៗ ( សត្វតូចៗ មានរុយជាដើម)
ID: 636852926600798005
ទៅកាន់ទំព័រ៖