ព្រះត្រៃបិដក ភាគ ៣៩
តែងចោមរោម ជញ្ជក់ស៊ីខ្លះ នូវកាយនោះឯង ចំណែកចិត្តណា ដែលបុគ្គលនោះ អប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ ចិត្តនោះ តែងអណ្ដែតឡើង ដល់នូវភាពជាចិត្តវិសេស មានឧបមេយ្យ ដូច្នោះឯង។ បពិត្រព្រះមហានាម ចិត្តដែលព្រះអង្គបានអប់រំហើយ ដោយសទ្ធា អប់រំហើយ ដោយសីលៈ សុតៈ ចាគៈ បញ្ញា អស់កាលដ៏យូរ។ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះមហានាម ព្រះអង្គកុំខ្លាចឡើយ មរណភាពរបស់ព្រះអង្គ មុខជាមិនថយថោកឡើយ កាលកិរិយារបស់ព្រះអង្គ មុខជាមិនថយថោកឡើយ។
[២១១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមហានាមសក្យរាជ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នគរកបិលព័ស្តុនេះ ជានគរស្ដុកស្ដម្ភ ធំទូលាយ មានមនុស្សច្រើន មានមនុស្សកុះករ មានច្រកចង្អៀតដ៏ច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង បានចូលមកអង្គុយជិតព្រះដ៏មានព្រះភាគផង
ID: 636852926807669837
ទៅកាន់ទំព័រ៖