ព្រះត្រៃបិដក ភាគ ៣៩
[២១៥] បពិត្រព្រះគោធា ព្រះអង្គបានជ្រាបបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ប៉ុន្មានយ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ព្រះ គោធាសក្យរាជ ទូលថា បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាង ទើបជាបុគ្គលមានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ទាំង ៣ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម៌វិន័យនេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌ ។ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អ ហើយ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។ បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាងនេះឯង ទើបជាបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាង មុខ ។
ID: 636852927533491352
ទៅកាន់ទំព័រ៖