ព្រះត្រៃបិដក ភាគ ៣៩
[២១៩] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំទូលយ៉ាងនេះហើយ ព្រះគោធាសក្យរាជបានឆ្លើយមកខ្ញុំព្រះអង្គវិញ ដូច្នេះថា បពិត្រព្រះមហានាម ខ្ញុំបានដឹងនូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ៣ យ៉ាង ជាអ្នកមានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ។ ធម៌ ៣ យ៉ាង ដូចម្ដេចខ្លះ។ បពិត្រព្រះមហានាម អរិយសាវក ក្នុងធម៌វិន័យនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតហើយ។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិល្អហើយ ។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។ បពិត្រព្រះមហានាម ខ្ញុំដឹងច្បាស់នូវបុគ្គល ដែលជាសោតាបន្នៈ ប្រកបដោយធម៌ ទាំង ៣ យ៉ាងនេះឯង ទើបជាបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។
ID: 636852928157277030
ទៅកាន់ទំព័រ៖