ព្រះត្រៃបិដក ភាគ ៣៩
(ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានបញ្ញា ជាគ្រឿងរីករាយ មានបញ្ញាវាងវៃ តែមិនប្រកបដោយវិមុត្តិ។ បុគ្គលនោះ នឹងបរិនិព្វាន ក្នុងរវាងអាយុនៅមិនទាន់ដល់ពាក់កណ្ដាល នឹងបរិនិព្វាន ក្នុងអាយុផុតពាក់កណ្ដាលហើយ ជិតដល់ទីបំផុត នឹងបរិនិព្វាន ដោយធ្វើសេចក្ដីព្យាយាមយ៉ាងខ្លាំង នឹងបរិនិព្វាន ដោយមិនបាច់ធ្វើសេចក្ដីព្យាយាមពេកទេ នឹងមានខ្សែធម៌ឰដ៏ខាងលើ ទៅកាន់អកនិដ្ឋភព ព្រោះអស់ពួកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ បពិត្រព្រះមហានាម បុគ្គលនេះឯង ជាអ្នករួចចាកនរក រួចចាកកំណើតតិរច្ឆាន រួចចាកប្រេតវិស័យ រួចចាកអបាយ ទុគ្គតិ វិនិបាត។
[២៤៣] បពិត្រព្រះមហានាម មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិល ត្រឡប់មកកាន់ភពថ្មីទៀត។ (ជាអ្នកជ្រះថ្លាក្រៃលែង ពិតប្រាកដ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ តែមិនមានបញ្ញា ជាគ្រឿងរីករាយ មិនមានបញ្ញាវាងវៃ និងមិនប្រកបដោយវិមុត្តិ។
ID: 636852931700979718
ទៅកាន់ទំព័រ៖