ព្រះត្រៃបិដក ភាគ ៣៩
អនាថបិណ្ឌិកគហបតីទូលថា បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណា អត់ធន់មិនបានទេ ខ្ញុំព្រះករុណា ប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះករុណា ចំរើនឡើងខ្លាំងណាស់ មិនធូរថយទេ សេចក្ដីចំរើន (នៃរោគ) ចេះតែប្រាកដឡើង មិនមានធូរថយទេ។
[២៥១] ព្រះសារីបុត្រពោលថា ម្នាលគហបតី បុថុជ្ជនដែលមិនចេះដឹង ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯសេចក្ដីមិនជ្រះថ្លា ក្នុងព្រះពុទ្ធ មានសភាពយ៉ាងនោះ មិនមានដល់អ្នកទេ។ ម្នាលគហបតី មួយទៀត សេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ តែងមានដល់អ្នកថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ កាលបើអ្នកពិចារណាឃើញ នូវសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធនោះ ចំពោះខ្លួន វេទនាទាំងឡាយ គប្បីស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរបាន។
ID: 636852944990649844
ទៅកាន់ទំព័រ៖