ព្រះត្រៃបិដក ភាគ ៣៩
[២៧៧] អរិយសាវក ប្រកបដោយ សោតាបត្តិយង្គ ៤ តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ប្រកបដោយ សេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ យ៉ាងនេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវក តែងប្រកបដោយសោតាបត្តិយង្គទាំង ៤ នេះ។
[២៧៨] ញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ បានឃើញល្អ បានចាក់ធ្លុះ ដោយល្អ តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ តែងធ្វើទុកក្នុងចិត្តដោយឧបាយ នៃប្រាជ្ញា នូវបដិច្ចសមុប្បាទធម៌ ឲ្យប្រពៃថា កាលបើមានរបស់នេះ ទើបរបស់នេះមាន ព្រោះតែរបស់នេះកើតឡើង ទើបរបស់នេះកើតឡើង បើរបស់នេះ មិនមានទេ របស់នេះ ក៏មិនមាន លុះតែរបស់នេះរលត់ទៅ ទើបរបស់នេះ រលត់ដែរ។
ID: 636852949227202161
ទៅកាន់ទំព័រ៖