ព្រះត្រៃបិដក ភាគ ៣៩
ដូចជា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជា បច្ច័យ ។បេ។ ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ លុះតែអវិជ្ជារលត់ ដោយអរិយមគ្គ មិនមានសេសសល់ ទើបរលត់សង្ខារបាន។បេ។ ការរលត់កងទុក្ខទាំងអស់នុ៎ះ តែងមាន យ៉ាងនេះឯង។ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ ឃើញល្អហើយ ចាក់ធ្លុះល្អហើយ ដោយប្រាជ្ញា។
[២៧៩] ម្នាលគហបតី កាលណា អរិយសាវកបានស្ងប់រម្ងាប់ពៀរ ដែលគួរខ្លាច ទាំង៥ នេះ (អរិយសាវកនោះ) ប្រកបដោយសោតាបត្តិយង្គ ទាំង ៤ នេះ នេះជាញាយធម៌ដ៏ប្រសើរ ដែលអរិយសាវក បានឃើញល្អ បានចាក់ធ្លុះល្អហើយ ដោយប្រាជ្ញាដែរ។ អរិយសាវកនោះ កាលប្រាថ្នា អាចព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ លែងមានកំណើតតិរច្ឆានហើយ លែងមានកំណើតប្រេតហើយ អស់អបាយ ទុគ្គតិ និង វិនិបាតហើយ អាត្មាអញ បានសម្រេចស្រោតៈហើយ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ។
ID: 636852949429633739
ទៅកាន់ទំព័រ៖