ព្រះត្រៃបិដក ភាគ ៣៩
អរិយសាវក ជាអ្នកប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខទី ៤។ ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ នេះឯង ជាបច្ច័យនៃសេចក្ដីសុខ។
[២៨៦] ម្នាលភិក្ខុទាំងឡាយ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខនេះ មាន ៤ ។ ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ តែងមានចាគៈរួចស្រឡះហើយ មានបាតដៃលាងចាំតែឲ្យ ត្រេកអរ ក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ ទី ៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ ជាបច្ច័យនៃសេចក្ដីសុខ។
ID: 636852950628562314
ទៅកាន់ទំព័រ៖