ព្រះត្រៃបិដក ភាគ ៣៩
[២៩០] ម្នាលភិក្ខុទាំងឡាយ ពួកទេវតាដែលទៅកាន់សភា ជាអ្នកមានចិត្តល្អ សរសើរបុគ្គល ដែលប្រកបដោយធម៌ ៤។ ធម៌ ៤ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ មានជោគ ព្រោះហេតុដូច្នេះឯង។ ពួកទេវតាទាំងនោះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ ហើយច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ ទេវតាទាំងនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកយើងប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពយ៉ាងណា បានច្យុតអំពីទីនោះ មកកើតក្នុងទីនេះ ចំណែកអរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ មានសភាពដូច្នោះ គង់នឹងមកក្នុងសំណាក់ នៃពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក (ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយសាវក ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់ ។បេ។
ID: 636852951779248130
ទៅកាន់ទំព័រ៖