ព្រះត្រៃបិដក ភាគ ៣៩
កាលបើបុគ្គលមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាយរបស់បុគ្គលដែលមានចិត្តប្រកបដោយបីតិ រមែងស្ងប់ បុគ្គលមានកាយស្ងប់ រមែងទទួលសុខ ចិត្តរបស់បុគ្គល ដែលមានសុខ ក៏តាំងនៅមាំ កាលបើចិត្តតាំងនៅមាំហើយ ធម៌ទាំង ឡាយ តែងកើតឡើងប្រាកដបាន។ អរិយសាវកនោះ ក៏រាប់ថា ជាអ្នកនៅដោយសេចក្ដី មិនប្រហែស ព្រោះធម៌ទាំងឡាយ កើតឡើងប្រាកដ។ ម្នាលនន្ទិយៈ មួយទៀត អរិយសាវក (ប្រកដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវកនោះ មិននៅសន្តោសត្រឹមតែអរិយកន្តសីលនោះឡើយ ខំប្រឹងដើម្បីសេចក្ដីស្ងប់ស្ងាត់ ក្នុងវេលាថ្ងៃ ដើម្បីចៀសចេញ អំពីអារម្មណ៍ ហើយសម្ងំនៅ ក្នុងវេលាយប់តទៅទៀត។ កាលអរិយសាវកនោះ នៅមិនប្រហែស យ៉ាងនេះហើយ បាមោជ្ជៈ រមែងកើតឡើង កាលអរិយសាវក មានបាមោជ្ជៈហើយ បីតិរមែងកើតឡើង កាយរបស់អរិយសាវក ដែលមានចិត្តប្រកបដោយបីតិ រមែងស្ងប់រម្ងាប់ អរិយសាវក មានកាយស្ងប់រម្ងាប់ រមែងទទួលសុខ ចិត្តរបស់អ្នកមានសុខ រមែងដំកល់នៅមាំ កាលបើចិត្តដំកល់នៅមាំ ធម៌ទាំងឡាយ តែងកើតប្រាកដ។
ID: 636852954476812421
ទៅកាន់ទំព័រ៖