ព្រះត្រៃបិដក ភាគ ៣៩
ពួកសក្យនៅក្នុងក្រុងកបិលព័ស្តុ បានឮដំណឹងថា ឮថា ភិក្ខុមួយរូប នៅចាំវស្សា ទៀបក្រុងសាវត្ថី រួចហើយមកដល់ក្រុងកបិលភស្តុ។ គ្រានោះឯង ពួកសក្យនៅក្នុងក្រុងកបិលព័ស្តុ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ ថ្វាយបង្គំភិក្ខុនោះហើយ អង្គុយក្នុងទីសមគួរ។ លុះពួកសក្យនៅក្នុងក្រុងកបិលព័ស្តុ អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា
[៣២៥] បពិត្រលោកដ៏ចំរើន ព្រះដ៏មានព្រះភាគ មិនមានព្រះរោគ ទាំងមានព្រះកាយពលឬទេ។ ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ មិនមានព្រះរោគ ទាំងមានព្រះកាយពលដែរ។ បពិត្រលោកដ៏ចំរើន ព្រះសារីបុត្ត និងព្រះមោគ្គល្លាន មិនមានរោគទាំងមានកំឡាំងដែរឬ។ ម្នាលអាវុសោទាំងឡាយ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន លោកមិនមានរោគ ទាំងមានកំឡាំងដែរ។ បពិត្រលោកដ៏ចំរើន ភិក្ខុសង្ឃមិនមានរោគ ទាំងមានកំឡាំងដែរឬ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុសង្ឃមិនមានរោគ ទាំងមានកំឡាំងដែរ។ បពិត្រលោកដ៏ចំរើន ក្នុងចន្លោះវស្សានេះ តើលោកបានស្ដាប់ធម៌ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ បានទទួលកិច្ចការអ្វី ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគដែរឬ។
ID: 636852959009441673
ទៅកាន់ទំព័រ៖