ព្រះត្រៃបិដក ភាគ ៣៩
ម្នាលអាវុសោទាំងឡាយ អាត្មា បានស្ដាប់ធម៌ ចំពោះព្រះភក្ត្រ បានទទួល ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន ពួកភិក្ខុនោះ មានប្រមាណតិចទេ មានតែពួកភិក្ខុ ដែលធ្វើសំយោជនៈ ជាចំណែកខាងក្រោម ៥ ឲ្យអស់រលីង ជាឱបបាតិកៈ បរិនិព្វាន ក្នុងទីនោះ ទៀងតែមិនត្រឡប់មកអំពីលោកនោះ ពួកភិក្ខុនុ៎ះឯង ទើបមានច្រើនជាង។ ម្នាលអាវុសោ អាត្មាបានស្ដាប់ធម៌ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ បានទទួល ចំពោះព្រះភក្ត្រ នូវព្រះពុទ្ធដីកាដទៃទៀតថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលធ្វើសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ ឲ្យអស់រលីង ជាឱបបាតិកៈ បរិនិព្វានក្នុងទីនោះ ទៀងតែមិនត្រឡប់អំពីលោកនោះ ពួកនោះ មានប្រមាណតិច មានតែពួកភិក្ខុដែលធ្វើឲ្យអស់ត្រឹមតែសញ្ញោជនៈ ៣ ជាសកទាគាមី ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើង នឹងមកកាន់លោកនេះម្ដងទៀត ហើយធ្វើនូវទីបំផុត នៃទុក្ខបាន ពួកភិក្ខុនោះឯង ទើបមានច្រើនជាង។
ID: 636852959164500542
ទៅកាន់ទំព័រ៖