ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុសោយវេទនា មានកាយជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយវេទនាមានកាយជាទីបំផុត កាលសោយវេទនាមានជីវិតជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយវេទនាមានជីវិតជាទីបំផុត លុះទំលាយរាងកាយ បន្ទាប់អំពីការអស់ជីវិតទៅ ដឹងច្បាស់ថា ការសោយនូវវេទនាទាំងអស់ ក្នុងលោក នេះ មិនគួរត្រេកអរ នឹងរលត់ទៅវិញ ក៏យ៉ាងនោះដែរ។
[៤៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ទៀបក្រុងវេសាលី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា ទ្រង់សំដែងគុណនៃអសុភ ទ្រង់សំដែងគុណនៃការចំរើនអសុភ ដល់ភិក្ខុទាំងឡាយ ដោយអនេកបរិយាយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគត ចង់គេចចាកអារម្មណ៍ សម្ងំនៅតែម្នាក់ឯង អស់កន្លះខែ កុំឲ្យអ្នកណាមួយ ចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំចង្ហាន់បិណ្ឌបាត ទៅថ្វាយតថាគត។ ពួកភិក្ខុនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ដូច្នេះ ក៏ឥតមានភិក្ខុណាមួយចូលទៅរកព្រះដ៏មានព្រះភាគឡើយ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំចង្ហាន់បិណ្ឌបាត ទៅថ្វាយព្រះដ៏មានព្រះភាគ។
ID: 636852901101979556
ទៅកាន់ទំព័រ៖