ព្រះត្រៃបិដក ភាគ ៣៩
គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអតីត ប្រកាសហើយ នឹងប្រកាស ប្រកាសនូវការត្រាស់ដឹង តាមសេចក្ដីពិត ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ បានប្រកាសហើយ នឹងប្រកាស រមែងប្រកាស នូវការត្រាស់ដឹង នូវអរិយសច្ចទាំង ៤ នេះ តាមសេចក្ដីពិត។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំត្រិះរិះនូវវិតក្កៈ ជាអកុសលដ៏លាមក។ វិតក្កៈ គឺអ្វីខ្លះ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា វិតក្កៈទាំងនុ៎ះ មិនមែនប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីនិព្វាន។
ID: 636852966099777217
ទៅកាន់ទំព័រ៖