ព្រះត្រៃបិដក ភាគ ៣៩

​ធម្មចក្ក​ប្ប​វត្តន​វគ្គ​ ​ទី២​


 ​[​៣៦៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ ​ក្នុង​ឥសិបតន​មិគទាយ​វន​ ​ទៀប​ក្រុង​ពារាណសី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ចំពោះ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​អម​ខាង​ ​២​ ​ប្រការ​នេះ​ ​បព្វជិត​ ​មិន​គួរ​សេពគប់​ឡើយ​។​ ​ធម៌​អម​ខាង​ ​២​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​ការ​ប្រក​បរឿយៗ​ ​នូវ​សេចក្ដី​ជាប់ជំពាក់​ ​ដោយ​កាមសុខ​ ​ក្នុង​កាម​ទាំងឡាយ​ ​ដែល​ជា​ធម៌​ ​ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​១​ ​ការ​ប្រក​បរឿយៗ​ ​នូវ​សេចក្ដីព្យាយាម​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​ដែល​នាំមក​នូវ​សេចក្ដីទុក្ខ​ ​មិនមែន​ជា​របស់​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មជ្ឈិមា​បដិបទា​ ​មិន​ប៉ះពាល់​នូវ​ធម៌​អម​ខាង​ ​ទាំង​ ​២​ ​នុ៎ះ​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​សេចក្ដី​ប្រតិបត្តិ​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្ដី​ចេះដឹង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មជ្ឈិមា​បដិបទា​នោះ​ ​តើ​ដូចម្ដេច​ ​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​ ​ជា​សេចក្ដី​ប្រតិបត្តិ​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្ដី​ចេះដឹង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636852967614253840
ទៅកាន់ទំព័រ៖