ព្រះត្រៃបិដក ភាគ ៣៩

 ​[​៣៧២​]​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កំពុង​សំដែង​នូវ​វេយ្យាករណ៍​នេះ​ ​ធម្មចក្ខុ​ ​(​ភ្នែក​ឃើញ​ធម៌​)​ ​ដ៏​ប្រាសចាក​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​ប្រាសចាក​មន្ទិល​ ​គឺ​ទិដ្ឋិ​ ​និង​វិចិកិច្ឆា​ ​បាន​កើតឡើង​ហើយ​ ​ដល់​កោ​ណ្ឌញ្ញ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​ធម្មជាត​ណាមួយ​ ​ដែល​កើតឡើង​ ​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​ក៏​រលត់​ទៅវិញ​ ​ជា​ធម្មតា​។​ ​កាលបើ​ធម្មចក្ក​ដែល​ព្រះមានព្រះភាគ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​(​សំដែង​ដូចជា​គេ​បង្វិល​យ៉ាងនេះ​)​ ​ហើយ​ ​ភុម្មទេវតា​ទាំងឡាយ​ ​ក៏​បន្លឺ​នូវ​សូរសព្ទ​ថា​ ​ធម្មចក្ក​នេះ​ ​មិន​មាន​ចក្ក​ដទៃ​ក្រៃលែង​ជាង​ ​ទោះបី​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ជន​ឯណា​នីមួយ​ក្ដី​ ​ក្នុង​លោក​ ​មិន​អាច​នឹង​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឡើយ​ ​(​ឥឡូវ​)​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ​ ​ក្នុង​ឥសិបតន​មិគទាយ​វន​ ​ជិត​ក្រុង​ពារាណសី​។​ ​ពួក​ទេវតា​ ​នៅក្នុង​ឋាន​ចាតុម្មហារាជិក​ទាំងឡាយ​ ​ឮ​សំឡេង​របស់​ភុម្មទេវតា​ទាំងឡាយ​ហើយ​ ​ក៏​បន្លឺ​នូវ​សំលេង​ថា​ ​ធម្មចក្ក​នុ៎ះ​ ​មិន​មាន​ចក្ក​ដទៃ​ក្រៃលែង​ជាង​ ​ទោះបី​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ជន​ឯណា​នីមួយ​ក្ដី​ ​ក្នុង​លោក​ ​មិន​អាច​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឡើយ​ ​(​ឥឡូវ​)​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រព្រឹត្តទៅ​បាន​ហើយ​ ​ក្នុង​ឥសិបតន​មិគទាយ​វន​ ​ជិត​ក្រុង​ពារាណសី​។​ ​ពួក​ទេវតា​ ​នៅ​ឋាន​តាវត្តិង្ស​ ​ឮ​សំឡេង​របស់​ទេវតា​ ​នៅក្នុង​ឋាន​ចាតុម្មហារាជិក​។​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636852968817342653
ទៅកាន់ទំព័រ៖