ព្រះត្រៃបិដក ភាគ ៣៩

 [​៣៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខអរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​ពាក្យ​ថា​ ​ឧបាទានក្ខន្ធ​ ​៥​ ​គួរ​ពោល​ថា​ ​ជា​ឈ្មោះ​ ​នៃ​ទុក្ខអរិយសច្ច​នោះ​។​ ​ឧបាទានក្ខន្ធ​ ​៥​ ​តើ​ដូចម្ដេច​។​ ​គឺ​រូប​ ​ជា​ឧបាទានក្ខន្ធ​ ​១​។​បេ​។​ ​វិញ្ញាណ​ ​ជា​ឧបាទានក្ខន្ធ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ទុក្ខអរិយសច្ច​។​ ​
 ​[​៣៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខសមុទយ​អរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​តណ្ហា​ណា​ ​ដែល​នាំ​សត្វ​ ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ប្រកបដោយ​សេចក្ដីរីករាយ​ ​និង​តម្រេក​ ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល​ ​ក្នុង​ភព​នោះ​ៗ​។​ ​តណ្ហា​នោះ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កាមតណ្ហា​ ​១​ ​ភវតណ្ហា​ ​១​ ​វិភវ​តណ្ហា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខសមុទយ​អរិយសច្ច​។​ ​
 ​[​៣៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខនិរោធ​អរិយសច្ច​ ​តើ​ដូចម្ដេច​។​ ​គឺ​សភាវៈ​នឿយណាយ​ ​និង​ការ​រលត់​ ​ដោយ​មិន​មាន​សេសសល់​ ​ជាស​ភាវៈ​លះបង់​ ​គ្រវែងចោល​ ​ជម្រុះ​ចោល​ ​មិន​មាន​អាល័យ​ ​ចំពោះ​តណ្ហា​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​អរិយសច្ច​។​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636852969991489810
ទៅកាន់ទំព័រ៖