ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌ល្អិតផង ជាធម៌ដ៏ឧត្ដមផង ជាធម៌មិនច្រឡូកច្រឡំដោយ (តណ្ហានិងឧបាទាន) ផង ជាធម៌ជាគ្រឿងនៅ នាំមកនូវសេចក្ដីសុខផង តែងញ៉ាំងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ៗ ឲ្យអន្ដរធាន ឲ្យស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ ក៏យ៉ាងនោះដែរ។
[៥៥] ម្នាលភិក្ខុទាំងឡាយ ចុះអានាបាស្សតិសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌ល្អិតផង ជាធម៌ដ៏ឧត្ដមផង ជាធម៌មិនច្រឡូកច្រឡំដោយ (តណ្ហានិងឧបាទាន) ផង ជាធម៌ជាគ្រឿងនៅ នាំមកនូវសេចក្ដីសុខផង តែងញ៉ាំងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយៗ ឲ្យអន្ដរធានទៅ ឲ្យស្ងប់រម្ងាប់ទៅ ដោយហេតុដ៏សមគួរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល។ (បណ្ឌិតគប្បីឲ្យពិស្ដារផងចុះ)។ ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោលហើយ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចូល។
ID: 636852902222203629
ទៅកាន់ទំព័រ៖