ព្រះត្រៃបិដក ភាគ ៣៩
លុះប្រមូលទុកក្នុងទីជាមួយគ្នាហើយ គប្បីធ្វើជាឈើអណ្ដោត លុះធ្វើជាឈើអណ្តោតហើយ ទើបដោតពួកសត្វធំៗ ដែលនៅក្នុងមហាសមុទ្រ ក្នុងឈើអណ្តោតធំៗ ដោតពួកសត្វជាន់កណ្តាលៗ ដែលនៅក្នុងមហាសមុទ្រ ក្នុងឈើអណ្តោតជាន់កណ្ដាលៗ ដោតពួកសត្វតូចៗ ដែលនៅក្នុងមហាសមុទ្រ ក្នុងឈើអណ្ដោតតូចៗ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វធំៗ ក្នុងមហាសមុទ្រ មិនអស់ទេ ឯស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ ដល់នូវការអស់ទៅសូន្យទៅមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតូចៗ ក្នុងមហាសមុទ្រ ច្រើនជាងពួកសត្វធំៗទៅទៀត បុគ្គលណាមួយ មិនងាយនឹងដោត ដោយឈើអណ្ដោតឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះសត្វទាំងនោះ មានអត្តភាពតូចៗ។ ម្នាលភិក្ខុទាំងឡាយ អបាយធំ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលរួចចាកអបាយ ដែលធំយ៉ាងនេះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ទើបដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។
ID: 636852981035251477
ទៅកាន់ទំព័រ៖