ព្រះត្រៃបិដក ភាគ ៣៩
អ័ព្ទសូន្យឈឹង ក៏មិនមានឡើយ ក្នុងកាលណោះ យប់ និងថ្ងៃ ក៏ប្រាកដ ខែ និងកន្លះខែ ក៏ប្រាកដ រដូវ និងឆ្នាំ ក៏ប្រាកដ ក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ព្រះតថាគត ជាអរហន្ដ សម្មាសម្ពុទ្ធ មិនទាន់កើតឡើងក្នុងលោក ដរាបណា ពន្លឺដ៏ធំ រស្មីដ៏ធំ ក៏មិនទាន់មានប្រាកដ ដរាបនោះ ក្នុងកាលណោះ មានតែងងឹត និងអ័ព្ទសូន្យឈឹង ឯ ការប្រាប់ ការសំដែង ការតាក់តែង ការផ្ដួចផ្ដើម ការបើក ការចែករលែក ការធ្វើឲ្យរាក់ឡើង នូវអរិយសច្ច ៤ ក៏មិនទាន់មាននៅឡើយ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែព្រះតថាគត ជាអរហន្ដ សម្មាសម្ពុទ្ធ កើតឡើងក្នុងលោក កាលណា ពន្លឺដ៏ធំ រស្មីដ៏ធំ ទើបប្រាកដ ក្នុងកាលណោះ ងងឹត និងអ័ព្ទសូន្យឈឹង ក៏មិនមានឡើយ ក្នុងកាលណោះ ឯការប្រាប់ ការសំដែង ការតាក់តែង ការផ្ដួចផ្ដើម ការបើក ការចែករលែក ការធ្វើឲ្យរាក់ឡើង នូវអរិយសច្ច ៤ ក៏មានប្រាកដ ក្នុងកាលណោះ។ អរិយសច្ច ៤ គឺអ្វីខ្លះ។
ID: 636852981445564946
ទៅកាន់ទំព័រ៖