ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពីព្រេងនាយ​មក​ ​មាន​សង្គ្រាម​ទេវតា​ ​និង​អសុរ​ ​ជា​សង្គ្រាម​តទល់​ប្រកៀក​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សង្គ្រាម​នោះ​ឯង​ ​ពួក​ទេវតា​ឈ្នះ​ ​ពួក​អសុរ​ចាញ់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​អសុរ​ចាញ់ហើយ​ ​ក៏​ភ័យ​ ​រត់​ចូល​ទៅកាន់​អសុរ​បុរី​ ​តាមចន្លោះ​ក្រឪឈូក​ ​(​ញ៉ាំង​ចិត្ត​)​ ​ពួក​ទេវតា​ឲ្យ​ភ័ន្ដ​ច្រឡំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​លោក​នេះ​ ​អ្នក​កុំ​គិត​ ​នូវ​លោកចិន្ដា​ថា​ ​លោក​ទៀង​ ​ដូច្នេះ​ក្ដី​ ​លោក​មិន​ទៀង​ ​ដូច្នេះ​ក្ដី​ ​លោកមា​នទី​បំផុត​ ​ដូច្នេះ​ក្ដី​ ​លោក​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ក្ដី​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្ដី​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ក្ដី​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ដូច្នេះ​ក្ដី​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ ​ដូច្នេះ​ក្ដី​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ក៏​មាន​ ​មិនកើត​ទៀត​ ​ក៏​មាន​ ​ដូច្នេះ​ក្ដី​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះ​ក្ដី​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ការ​គិត​នុ៎ះ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​ជា​អាទិ​ព្រហ្មចរិយៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​និព្វាន​ទេ​។​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636852983668252076
ទៅកាន់ទំព័រ៖