ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​គិត​ ​គួរ​គិតថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​គិតថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​វិញ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​ការ​គិត​នេះ​ ​ប្រកបដោយ​ប្រយោជន៍​ ​ការ​គិត​នេះ​ ​ជា​អាទិ​ព្រហ្មចរិយៈ​ ​ការ​គិត​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ចំពោះ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​បដិបទា​នេះ​ ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​
 ​[​៤២៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មក​ ​យើង​ចូល​ទៅ​ឯ​ថ្ម​បដិភាណ​កូដ​ ​(​ថ្ម​ជា​ព្រំខ័ណ្ឌ​បែប​ភ្នំ​)​ ​ដើម្បី​សំរាក​ក្នុង​វេលា​ថ្ងៃ​។​ ​ភិក្ខុ​ទាំងនោះ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចូល​ទៅ​ឯ​ថ្ម​បដិភាណ​កូដ​ ​ជាមួយនឹង​ភិក្ខុ​ច្រើន​រូប​។​ ​ភិក្ខុ​មួយ​រូប​ ​បានឃើញ​នូវ​ជ្រោះ​ធំ​ ​ជិត​ថ្ម​បដិភាណ​កូដ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជ្រោះ​នេះ​ ​ធំ​ណាស់​តើ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជ្រោះ​នេះ​ធំ​ពេក​ណាស់​តើ​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636852983901785434
ទៅកាន់ទំព័រ៖