ព្រះត្រៃបិដក ភាគ ៣៩
លុះសមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា មិនបានតាក់តែង នូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ មិនបានតាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ រមែងមិនធ្លាក់ចុះកាន់ជ្រោះ គឺជាតិផង មិនធ្លាក់ចុះកាន់ជ្រោះ គឺជរាផង មិនធ្លាក់ចុះកាន់ជ្រោះ គឺមរណៈផង មិនធ្លាក់ចុះកាន់ជ្រោះ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
[៤៣២] ម្នាលភិក្ខុទាំងឡាយ នរក មានសេចក្ដីក្រហល់ក្រហាយធំ សត្វរមែងឃើញ នូវរូបណាមួយដោយចក្ខុ ក្នុងនរកនោះ រមែងឃើញរូបមិនជាទីប្រាថ្នា មិនឃើញរូបជាទីប្រាថ្នា ឃើញរូបមិនជាទីគាប់ចិត្ត មិនឃើញរូបជាទីគាប់ចិត្ត ឃើញរូបមិនជាទីពេញចិត្ត មិនឃើញរូបជាទីពេញចិត្ត ស្ដាប់សំឡេងណាមួយ ដោយត្រចៀក។បេ។
ID: 636852984718942172
ទៅកាន់ទំព័រ៖