ព្រះត្រៃបិដក ភាគ ៣៩
កាលភិក្ខុចំរើន នូវឈានទាំង៤ ធ្វើឲ្យច្រើននូវឈាន ទាំង៤ រមែងបង្អោនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ជម្រាលទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (បាលីដរាបដល់ឯសនា បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនេះផងចុះ)។
[៤] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសញ្ញោជនៈនេះ មាន ៥ ប្រការ។ ចុះ ឧទ្ធម្ភាគិយសញ្ញោជនៈ ៥ ប្រការ គឺអ្វីខ្លះ។ គឺ រូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសញ្ញោជនៈ មាន ៥ ប្រការនេះឯង។
[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើនឈាន ៤ ដើម្បីត្រាស់ដឹង ដើម្បីកំណត់ដឹង ដើម្បីកិរិយាអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសញ្ញោជនៈ ៥ ប្រការនេះឯង។ ឈាន ៤ ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ វិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតក្នុងសន្ដាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក
ID: 636852895881620968
ទៅកាន់ទំព័រ៖