ព្រះត្រៃបិដក ភាគ ៣៩
សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងផុតស្រឡះ ចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគតពោលថា ផុតស្រឡះចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
[៤៣៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ មិនបាច់ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត ក៏គង់នឹងធ្វើនូវទីបំផុត នៃទុក្ខដោយប្រពៃបាន ហេតុនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ធ្វើផ្ទះ ខាងក្រោមនៃផ្ទះមានកំពូល នឹងលើកផ្ទះខាងលើតែម្ដង (គឺមិនបាច់ធ្វើគ្រឿងក្រោម ធ្វើតែគ្រឿងលើ) ហេតុនេះ មិនមានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ មិនបាច់ត្រាស់ដឹង នូវទុក្ខអរិយសច្ចតាមសេចក្ដីពិត។បេ។ មិនបាច់ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃតែម្ដង ហេតុនេះ មិនមានឡើយ ក៏យ៉ាងនោះដែរ។
ID: 636852985323106728
ទៅកាន់ទំព័រ៖