ព្រះត្រៃបិដក ភាគ ៣៩
[៤៣៧] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណា ពោលយ៉ាងនេះវិញថា អាត្មាអញបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ បានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិតហើយ នឹងធ្វើនូវទីបំផុត នៃសេចក្តីទុក្ខបាន ហេតុនេះ ទើបមាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ ធ្វើផ្ទះ ខាងក្រោម នៃផ្ទះមានកំពូល ហើយសឹមលើកផ្ទះខាងលើ ហេតុនេះ ទើបមាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ពោលយ៉ាងនេះថា អាត្មាអញ ត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ ត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិតហើយ នឹងធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃបាន ហេតុនេះទើបមាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
[៤៣៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងគូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត្រ។
ID: 636852985563430474
ទៅកាន់ទំព័រ៖