ព្រះត្រៃបិដក ភាគ ៣៩
លុះខ្ញុំព្រះអង្គ បានឃើញហើយ មានសេចក្ដីត្រិះរិះ ដូច្នេះថា ពួកលិច្ឆវិកុមារនេះ ចេះសិក្សាណាស់តើ ពួកលិច្ឆវិកុមារនេះ ចេះសិក្សាល្អណាស់តើ ព្រោះពួកលិច្ឆវិកុមារនេះ ចេះបាញ់សរ តាមរន្ធចន្លោងដ៏តូច ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់។ ម្នាលអានន្ទ អ្នកសំគាល់ហេតុនោះ ដូចម្ដេច អំពើដូចម្ដេចហ្ន៎ ដែលបុគ្គលធ្វើបានដោយកម្រក្រៃលែងផង ហេតុកើតឡើងព្រម ដោយកម្រផង។ ជនណាបាញ់សរ តាមរន្ធចន្លោងដ៏តូច អំពីចម្ងាយ ឲ្យចេញទៅតៗគ្នា មិនឲ្យដាច់ ឬក៏ជនណា បាញ់ទំលុះនូវចុង នៃចុងរោមកន្ទុយ ដែលច្រៀកជា ៧ ចំរៀក។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា បាញ់ទំលុះនូវចុង នៃចុងរោមកន្ទុយ ដែលច្រៀកជា ៧ ចំរៀក ហេតុនុ៎ះ ដែលបុគ្គលធ្វើបានដោយកម្រ ឬជាហេតុកើតឡើងព្រម ដោយកម្រ។ ម្នាលអានន្ទ ពួកជនណា ចាក់ធ្លុះតាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ចាក់ធ្លុះតាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ពួកជនទាំងនោះ ទើបឈ្មោះថា ចាក់ធ្លុះនូវហេតុ ដែលបុគ្គលចាក់ធ្លុះបាន ដោយកម្រ។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
ID: 636852985983964527
ទៅកាន់ទំព័រ៖