ព្រះត្រៃបិដក ភាគ ៣៩
[៤៤០] ម្នាលភិក្ខុទាំងឡាយ ពួកសត្វក្នុងលោកន្ដរនរក មានតែសេចក្ដីទុក្ខឥតល្ហែ ជានរកងងឹត ជានរកងងឹតសូន្យឈឹង ក្នុងនរកនោះ មិនដែលបានទទួលពន្លឺ នៃព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំ យ៉ាងនេះ ឡើយ។
[៤៤១] កាលព្រះមានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ងងឹតនោះ ជាងងឹតធំណាស់ បពិត្រព្រះអង្គដ៏ចំរើន ងងឹតនោះ ជាងងឹតធំមហិមា បពិត្រព្រះអង្គដ៏ចំរើន ងងឹតដទៃ ដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរឬ។ ម្នាលភិក្ខុ ងងឹតដទៃដែលធំជាងផង គួរខ្លាចផង ជាងងងឹតនេះ មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះងងឹតដទៃ ធំជាងផង គួរខ្លាចផង ជាងងងឹតនេះ តើធំដូចម្ដេច។
[៤៤២] ម្នាលភិក្ខុ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងត្រេកអរ ក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។
ID: 636852986212797616
ទៅកាន់ទំព័រ៖