ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
[៤៤៤] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសបោះនឹម មានច្បោះតែមួយ ក្នុងមហាសមុទ្រ ក៏ក្នុងមហាសមុទ្រនោះ មានអណ្ដើកខ្វាក់ (មួយ) លុះកន្លងមួយរយឆ្នាំៗទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច កាលបើកន្លងមួយរយឆ្នាំៗ ទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ តើគួរនឹងស៊កក ក្នុងនឹម មានច្បោះតែមួយឯណោះ បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងតែកាលកន្លងយូរអង្វែងទៅ ទើបមានម្ដងៗខ្លះ។ ម្នាលភិក្ខុទាំងឡាយ លុះកន្លងមួយរយឆ្នាំៗទៅ ទើបអណ្ដើកខ្វាក់នោះ ងើបម្ដងៗ ក៏ស៊កកទៅក្នុងនឹម មានច្បោះតែមួយឯណោះ ទុកជាឆាប់ពេកណាស់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ជនពាល ដែលធ្លាក់ទៅក្នុងវិនិបាតហើយ បានមកជាមនុស្សអស់វារៈម្ដង តថាគតពោលថា មិនបានឆាប់ឡើយ គឺយូរពេកណាស់។
ID: 636852986631541567
ទៅកាន់ទំព័រ៖