ព្រះត្រៃបិដក ភាគ ៣៩
ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលពាល ក្នុងលោកនេះ គ្មានប្រព្រឹត្តនូវធម៌ គ្មានប្រព្រឹត្តស្មើ គ្មានធ្វើកុសល គ្មានធ្វើបុណ្យទេ មានតែទំពាស៊ី នូវគ្នានិងគ្នា។ ម្នាលភិក្ខុទាំងឡាយ ការទំពារស៊ីនូវសត្វ ដែលមានកំឡាំងថយ រមែងប្រព្រឹត្តទៅ ក្នុងបុគ្គលពាលនុ៎ះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលពាល មិនឃើញនូវអរិយសច្ច ៤ ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
[៤៤៥] ម្នាលភិក្ខុទាំងឡាយ ដូចជាផែនដីធំនេះ មានទីបំផុតជាមួយគ្នា មានបុរសបោះនឹម មានច្បោះតែមួយ ទៅលើផែនដីនោះ ខ្យល់ពីទិសខាងកើត បក់នឹមនោះទៅទិសខាងលិច ខ្យល់ពីទិសខាងលិច បក់ (នឹមនោះ) ទៅទិសខាងកើត ខ្យល់ពីទិសខាងជើង បក់ ( នឹមនោះ ) ទៅទិសខាងត្បូង ខ្យល់ពីទិសខាងត្បូង បក់ (នឹមនោះ) ទៅទិសខាងជើង លុះកន្លងមួយរយឆ្នាំៗ ទៅ ទើបមានអណ្ដើកខ្វាក់មួយ ក្នុងទីនោះ ងើបម្ដងៗ។
ID: 636852986846863882
ទៅកាន់ទំព័រ៖