ព្រះត្រៃបិដក ភាគ ៣៩
[៤៤៦] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស យកដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ទៅប្រៀបផ្ទឹមនឹងស្ដេចភ្នំ ឈ្មោះសិនេរុ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់នូវហេតុនោះ ដូចម្ដេច ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលយកទៅប្រៀបផ្ទឹមក្ដី ស្ដេចភ្នំឈ្មោះ សិនេរុ ក្ដី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ស្ដេចភ្នំ ឈ្មោះសិនេរុនេះ មានចំនួនច្រើនជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលប្រៀបធៀបហើយ មានចំនួនតិចជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលបុគ្គលយកទៅប្រៀបធៀប នឹងស្ដេចភ្នំ សិនេរុ មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក ដែលបរិបូរណ៍ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង (នូវមគ្គ និងផល) សេចក្ដីទុក្ខ (របស់អរិយសាវកនោះ) ដែលអស់ទៅ រលីងទៅ ច្រើនជាង សេចក្ដីទុក្ខ ដែលសល់នៅ តិចជាង មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង ដើម្បីប្រៀបធៀប នូវគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ ចំនួន ៧ អត្តភាពជាយ៉ាងយូរ ក៏យ៉ាងនោះឯង។
ID: 636852987229015740
ទៅកាន់ទំព័រ៖