ព្រះត្រៃបិដក ភាគ ៣៩
បុគ្គលណា ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
[៤៤៧] ម្នាលភិក្ខុទាំងឡាយ ស្ដេចភ្នំឈ្មោះ សិនេរុ ក៏ដល់នូវការអស់ទៅ រលីងទៅ លើកលែង គឺកុំបាច់និយាយដល់ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ការអស់ទៅ រលីងទៅ នៃ ស្ដេចភ្នំឈ្មោះ សិនេរុក្ដី ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅក្ដី របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ការអស់ទៅ រលីងទៅនៃស្ដេចភ្នំឈ្មោះសិនេរុ មានចំនួនច្រើនជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅមានចំនួនតិចជាង ដុំក្រួស ៧ ដុំ ប៉ុនគ្រាប់សណ្ដែកបាយ ដែលសល់នៅ ក៏មិនដល់នូវការរាប់ផង មិនដល់នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀប នូវការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះសិនេរុឡើយ យ៉ាងណាមិញ។
ID: 636852987451478464
ទៅកាន់ទំព័រ៖