ព្រះត្រៃបិដក ភាគ ៣៩

 ​[​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ ​តថាគត​មានស្មារតី​ចាំ​ជាក់​ ​ដកដង្ហើម​ចេញ​ ​មានស្មារតី​ចាំ​ជាក់​ ​ដកដង្ហើម​ចូល​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​វែង​ ​កាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​វែង​។​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​ខ្លី​ ​កាល​ដកដង្ហើម​ចូល​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​ខ្លី​។​ ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នកដឹង​ច្បាស់​ ​នូវ​កាយ​ទាំងពួង​ ​ទើប​ដកដង្ហើម​ចេញ​ ​(​សេចក្ដីពិស្ដារ​)​។​ ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល​ ​នូវ​កិលេស​ ​ ​ទើប​ដកដង្ហើម​ចេញ​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល​ ​នូវ​កិលេស​ ​ដកដង្ហើម​ចូល​។​ ​
 [​៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​កាល​ពោល​ឲ្យ​ត្រូវ​ ​គប្បី​ពោល​នូវ​ធម៌​ឯណា​ថា​ ​អរិយ​វិហារ​ ​(​ធម៌​ជា​គ្រឿង​នៅ​ ​របស់​ព្រះ​អរិយៈ​)​ ​ដូច្នេះ​ក្ដី​ ​ថា​ ​ព្រហ្មវិហារ​ ​(​ធម៌​ជា​គ្រឿង​នៅ​ ​របស់​ព្រហ្ម​)​ ​ដូច្នេះ​ក្ដី​ ​ថា​តថាគត​វិហារ​ ​(​ធម៌​ជា​គ្រឿង​នៅ​ ​របស់​ព្រះ​តថាគត​)​ ​ដូច្នេះ​ក្ដី​ ​បុគ្គល​ ​កាល​ពោល​ឲ្យ​ត្រូវ​ ​គប្បី​ពោល​នូវ​អា​នា​បាន​ស្ស​តិ​សមាធិ​ចុះ​ថា​ ​អរិយ​វិហារ​ ​ដូច្នេះ​ក៏បាន​ ​ថា​ព្រះ​ហ្ម​វិហារ​ ​ដូច្នេះ​ក៏បាន​ ​ថា​តថាគត​វិហារ​ ​ដូច្នេះ​ក៏បាន​។​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636852904305642795
ទៅកាន់ទំព័រ៖