ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាសេក្ខៈ មិនទាន់បានសម្រេចអរហត្តផលនៅឡើយ កាលបើប្រាថ្នា នូវព្រះនិព្វាន ជាទីក្សេម ចាកយោគៈដ៏ប្រសើរ អានាបានស្សតិសមាធិ ដែលភិក្ខុទាំងនោះ បានចំរើន បានធ្វើឲ្យរឿយៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយបាន។
[៦៨] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាអរហន្ដ មានអាសវៈអស់ហើយ មានព្រហ្មចរិយៈ នៅរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានកិលេសជាគ្រឿងប្រកប ក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងច្បាស់ ដោយប្រពៃ អានាបានស្សតិសមាធិ ដែលភិក្ខុទាំងនោះ បានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិ និងសម្បជញ្ញៈផង។
[៦៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលពោលឲ្យត្រូវ គប្បីពោល នូវធម៌ឯណាថា អរិយវិហារ ដូច្នេះក្ដី ថាព្រហ្មវិហារ ដូច្នេះក្ដី ថាតថាគតវិហារ ដូច្នេះក្ដី បុគ្គល កាលពោលឲ្យត្រូវ គប្បីពោលនូវអានាបានស្សតិសមាធិចុះថា អរិយវិហារ ដូច្នេះក៏បាន ថាព្រហ្មវិហារដូច្នេះក៏បាន ថាតថាគតវិហារ ដូច្នេះក៏បាន។
ID: 636852904564987628
ទៅកាន់ទំព័រ៖