ព្រះត្រៃបិដក ភាគ ៣៩
នីវរណៈ ៥ តើដូចម្ដេច។ គឺភិក្ខុទាំងនោះ លះបង់កាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១។បេ។ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ លះបង់វិចិកិច្ឆានីវរណៈ ១។ ម្នាលអាវុសោ មហានាម ពួកភិក្ខុឯណា ជាសេក្ខៈ មិនទាន់បានសម្រេចអរហត្តផលនៅឡើយ កាលបើប្រាថ្នា នូវព្រះនិព្វាន ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ភិក្ខុទាំងនោះ រមែងលះបង់ នូវនីវរណៈទាំង ៥ នេះឯង។
[៧២] ម្នាលអាវុសោ មហានាម ពួកភិក្ខុឯណា ជាអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយៈនៅរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានកិលេសជាគ្រឿងប្រកប ក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងច្បាស់ ដោយប្រពៃ ភិក្ខុទាំងនោះ បានលះបង់នីវរណៈ ៥ ហើយបានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀតឡើយ។ នីវរណៈ ៥ តើដូចម្ដេច។ គឺភិក្ខុទាំងនោះ បានលះបង់កាមច្ឆន្ទនីវរណៈ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀតឡើយ បានលះបង់ព្យាបាទនីវរណៈ។បេ។
ID: 636852904984551626
ទៅកាន់ទំព័រ៖