ព្រះត្រៃបិដក ភាគ ៣៩
ម្នាលអានន្ទ ព្រោះហេតុនោះ បានជាសម័យនោះ ឈ្មោះថាភិក្ខុក្នុងសាសនានេះ បានពិចារណាឃើញ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។
[៨៦] ម្នាលអានន្ទ សម័យឯណា ភិក្ខុពិចារណាឃើញ នូវសេចក្ដីមិនទៀង។បេ។ ពិចារណាឃើញ នូវធម៌ជាគ្រឿងប្រាសចាកតម្រេក។ ពិចារណាឃើញ នូវសេចក្ដីរលត់។ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះបង់ នូវកិលេស ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញនូវធម៌ ជាគ្រឿងលះបង់នូវកិលេស ដកដង្ហើមចូល។ ម្នាលអានន្ទ សម័យនោះ ឈ្មោះថា ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភជ្ឈា និងទោមនស្សក្នុងលោក។ ភិក្ខុនោះ ជាអ្នកសំឡឹងដោយប្រពៃ ព្រោះបានឃើញ នូវការលះបង់ នូវអភជ្ឈានិងទោមនស្សនោះ ដោយបញ្ញា។ ម្នាលអានន្ទ ព្រោះហេតុនេះ បានជាសម័យនោះ ឈ្មោះថា ភិក្ខុក្នុងសាសនានេះ បានពិចារណាឃើញនូវធម៌ក្នុងធម៌ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
ID: 636852907197578204
ទៅកាន់ទំព័រ៖