ព្រះត្រៃបិដក ភាគ ៣៩
អានាបានស្សតិសំយុត្ត
ឯកធម្មវគ្គ ទី១
[៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ធម៌ ១ តើដូចម្ដេច។ គឺអានាបានស្សតិ។
[៧] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តើដូម្ដេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិ ដកដង្ហើមចេញ មានសតិ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺដកដង្ហើមចេញទាំងពួង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងនូវកាយ គឺដកដង្ហើមចូលទាំងពួង នឹងដកដង្ហើមចូល។
ID: 636852896406340980
ទៅកាន់ទំព័រ៖