ព្រះត្រៃបិដក ភាគ ៣៩
ម្នាលអានន្ទ ធម៌ ១ គឺអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង ៧ ឲ្យពេញ ពោជ្ឈង្គ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិឲ្យពេញបាន។
[១០២] ម្នាលអានន្ទ ចុះអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនដូចម្ដេច បានធ្វើឲ្យរឿយៗដូចម្ដេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង ៤ ឲ្យពេញបាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី។បេ។ ម្នាលអានន្ទ ពោជ្ឈង្គ ទាំង ៧ ដែលបុគ្គលបានចំរើនយ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងវិជ្ជា និងវិមត្តិឲ្យពេញបាន។
[១០៣] គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ
ID: 636852908876574237
ទៅកាន់ទំព័រ៖