ព្រះត្រៃបិដក ភាគ ៣៩
ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម។ ព្រះសង្ឃរូបណា បើរាប់ជាគូ នៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ពួក នុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបង្អោនចូលមកបូជា គួរទទួល នូវអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ១។ ប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីលជានា ដែលអ្នកប្រាជ្ញគប្បីសរសើរ មិនបានប៉ះពាល់ (ដោយតណ្ហា និងទិដ្ឋិ) ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ ១។ អរិយសាវក ជាអ្នកប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះឯង។
[១១៤] ម្នាលភិក្ខុទាំងឡាយ ការដែលបាននូវទ្វីបទាំង ៤ ហើយ និងការដែលបាននូវធម៌ ទាំង ៤ ឯការបាននូវទ្វីបទាំង៤ មិនដល់នូវចំណិត ដែលចែកជាចំណែក ១៦ ដងនៃការបាននូវធម៌ ទាំង ៤ ឡើយ។
ID: 636852910983794763
ទៅកាន់ទំព័រ៖