ព្រះត្រៃបិដក ភាគ ៣៩
[១១៥] ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកដល់នូវសោតៈ ប្រកបដោយធម៌ ៤ យ៉ាង មានសភាពមិនធ្លាក់ចុះ ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ យាងទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាអ្នកទូន្មាន នូវបុរស ដូចជានាយសារថី ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោលនូវត្រៃភព លែងវិលត្រឡប់មកកើតទៀត ១។ (ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក) ក្នុងព្រះធម៌ ១។ បេ។ ក្នុងព្រះសង្ឃ ១។បេ។ ប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈមិនដាច់។បេ។ ប្រព្រឹត្តទៅព្រម ដើម្បីសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកបានដល់នូវសោតៈ ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះឯង មានសភាពមិនបានធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។
ID: 636852911183846205
ទៅកាន់ទំព័រ៖